អន្តរជាតិ៖ យោងទៅតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ ដោយវីរុសកូវីដ១៩ តាមគេហទំព័រ worldometer បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ទូទាំងសកលលោក ចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ បានកើនដល់១១.៥៤៣.៥៣៤នាក់។ក្នុងនោះមាន៥៣៦.៣៤៤នាក់ បានស្លាប់ និងអ្នកជំងឺជាង៦,៥លាននាក់បានជាសះស្បើយ។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០កន្លងទៅនៅទូទាំងសកលលោកចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩មានត្រឹមតែ១១.០០១.០២៣នាក់តែប៉ុណ្នោះ។ជាមួយគ្នានោះក្នុងចំនួនអ្នកឆ្លងទាំងនោះ ទ្វីបអាមេរិកខាងជើង មានអត្រានៃការឆ្លងច្រើនជាងគេ ដែលមានចំនួនជាង៣,៤លាននាក់ ។ក្នុងនោះមានមនុស្សជាង១៧ម៉ឺននាក់ បានស្លាប់និងអ្នកជំងឺជាង១.៥លាននាក់បានជាសះស្បើយ។ ចំនួននេះភាគច្រើន មាននៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងសរុបជិត៣ លាននាក់។
ជាមួយនឹងការឆ្លងរាលដាលយ៉ាងឆាប់រហ័សខាងលើនេះនាពេលថ្មីៗនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៤ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានឱ្យដឹងថា អង្គការសុខភាពពិភពលោកWHOបានជំរុញឱ្យបណ្តាប្រទេសដែលរងគ្រោះដោយកូវីដ១៩ឱ្យភ្ញាក់ខ្លួន។លើស្ថានភាពនៃការរីករាលដាលនៅក្នុងប្រទេសរបស់ខ្លួនហើយគួរចាត់វិធានបន្ថែមដើម្បីគ្រប់គ្រងការឆ្លងឱ្យកាន់តែ មានប្រសិទ្ធភាពជាងបច្ចុប្បន្ន។
លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO)បានប្រាប់ក្រុមអ្នកសារព័ត៌មានថា«យើងចាំបាច់ត្រូវតែភ្ញាក់ខ្លួនឡើងវិញទិន្នន័យដែលយើងចេញផ្សាយមិនមែនជារឿងបោកបញ្ឆោតហើយស្ថានការណ៍ជាក់ស្តែងក៏មិនមែនការជាការក្លែងបន្លំដែរ»។
រហូតមកទល់នឹងពេលនេះ នៅជុំវិញពិភពលោកមានករណីឆ្លងកូវូដ១៩យ៉ាងហោចណាស់ ១១លានករណី។ក្នុងនោះមនុស្សស្លាប់ជាង១២៩.០០០នាក់ខណៈដែលសហរដ្ឋអាមេរិកជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបង្អស់ ខណៈប្រេស៊ីលស្ថិតនៅបន្ទាប់។
មន្ត្រីអង្គការសុខភាពពិភពលោកWHOបាននិយាយថាមានប្រទេសជាច្រើនដែលកំពុងធ្វើការព្រងើយកន្តើយ នឹងទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ ទោះជាយ៉ាងនេះក្តី វាមិនទាន់យឺតពេលទេ ដែលយើងអាចគ្រប់គ្រងជំងឺរាតត្បាតនេះ។
WHO បានបន្តទៀតថា សេដ្ឋកិច្ចជាហេតុផលចាំបាច់ ដែលជំរុញឱ្យប្រទេសនីមួយៗចង់បើកប្រទេសសម្រាប់ធ្វើអាជីវកម្មឡើងវិញ។វាជារឿងសមហេតុផលប៉ុន្តែយើងមិនអាចធ្វេសប្រហែលបានឡើយព្រោះជំងឺនេះនឹងមិនអាចបាត់ទៅវិញដោយវេទមន្តនោះទេ៕