ព័ត៌មានជាតិ

មុខ​របរ​ចិញ្ចឹម​ក្រពើ​កាក់កបតែជួប​វិបត្តិ​កូ​វីដ​១៩ធ្វើឱ្យតម្លៃទីផ្សារធ្លាក់ចុះ​

បាត់ដំបង​៖​មុខរបរ​ចិញ្ចឹម​ក្រពើ​ក្នុងស្ថានភាព​ទីផ្សារ​ធំ​មាន​បញ្ហា​ទំនាក់ទំនង​និង​វិបត្តិ​កូ​វីដ​.១៩​។​លោក​ហេង​ខុន​ជា​ពលរដ្ឋ​ចំណូល​ថ្មី​រស់នៅ​ក្នុងភូមិ​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យដឹង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ហេតុផល​នៃ​ការចាប់យក​មុខរបរ​ចិញ្ចឹម​ក្រពើ​នេះ​ដំបូង​គ្រួសារ​លោក​ដោយសារ​ការ​បំពេញ​កាតព្វកិច្ច​បន្ត​វេន​ពី​ឳ​ពុក​បែប​លក្ខណៈ​គ្រួសារ​នៅលើ​ផែ​បឹង​ទន្លេសាប​។​ប៉ុន្តែ​ក្រោយមក​លោក​បាន​កែប្រែ​ការចិញ្ចឹម​ពីលើ​ផែ​ដែនទឹក​មក​ចិញ្ចឹម​នៅ​តំបន់​ដែន​គោក​វិញ​។

​ក្នុងដំណាក់កាល​ចិញ្ចឹម​ផ្តាច់មុខ​ផ្ទាល់ខ្លួន​របស់លោក​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ភាពជោគជ័យ​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​បាន​ជម្រុញ​ឱ្យ​លោក​ពង្រីក​ទំហំ​កសិដ្ឋាន​បង្កើន​ចិញ្ចឹម​ក្រពើ​ធំ​រហូតដល់​ជាង​១.០០០​ក្បាល​។​ក្នុងនោះ​ក្រពើ​មេមាន​ចំនួន​ជាង​៧០០​ក្បាល​និង​ក្រពើ​ឈ្មោល​មាន​ចំនួន​៣០០​ក្បាល​។​

ការចិញ្ចឹម​ភ្ញាស់​លក់​កូន​នេះ​ក្នុង​មួយ​លើក​ស្មើ​និង​មួយឆ្នាំ​ក្រពើ​មេ​ក្នុង​មួយ​ក្បាល​ពង​បាន​ចាប់ពី​២០ ដល់​៣០​ក្បាល​។​ដូចនេះ​ក្នុង​មួយឆ្នាំ​លោក​ទទួល​បានកូន​ក្រពើ​សរុប​ចាប់ពី​៩.០០០​ទៅដល់​១០.០០០​ក្បាល​។​រីឯ​ទីផ្សារ​ធំ​ទូលាយ​ក្រពើ​ញាស់​ភ្លាម​មាន​ម៉ូយ​បញ្ជា​ទិញ​ភ្លាម​អស់ៗ​។​

ចំពោះ​កូន​ក្រពើ​មួយ​ក្បាល​លក់បាន​តម្លៃ​ពី​២២​ទៅ​២៣​ដុល្លា​អាមេរិក​ទូទាត់​សេវា​កម្មករ​។​ការចំណាយ​លើ​ចំណី​រាប់សិប​តោន​ក្នុង​មួយឆ្នាំៗ​អាច​ផ្តល់​ប្រាក់ចំណូល​បាន​ច្រើន​សមរម្យ​បាន​ផ្លាស់ប្តូរ​កម្រិតជីវភាព​គ្រួសារ​របស់លោក​ឱ្យ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​។

បើទោះបីជា​បែបនេះ​ក្តី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ទីផ្សារ​ក្រពើ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នឹកស្មាន​មិន​ដល់​។​ពិសេស​នៅក្នុង​ឆ្នាំ​២០២០​នេះ​កូន​ក្រពើ​ចាប់ផ្តើម​លែងមាន​ទីផ្សារ​និង​គ្មាន​លំនឹង​។​កូន​ក្រពើ​មួយ​ក្បាល​លក់បាន​តម្លៃ​ត្រឹមតែ​ជាង​១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ដែល​ធ្លាប់​ជោគជ័យ​បែរជា​ខកចិត្ត​ព្រោះ​បង់ខាត​ថវិកា​ជាច្រើន​ទូទាត់​តែ​លើ​សេវា​កម្មករ​និង​ចំណី​ក៏​មិន​រួចខ្លួន​ផង​។​

លោក​ហេង​ខុន​ចុងក្រោយ​បាន​អំពាវ​ដល់​ក្រសួង​ឬ​មន្ទីរ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ជំរុញ​និង​ជួយ​រក​ទីផ្សារ​ឱ្យ​ពួកគាត់​ផង​ពុំ​នោះទេ​ប្រជាពលរដ្ឋ​អាច​ប្រឈម​នឹង​ការបាត់បង់​ប្រាក់ចំណូល​ឬក៏​បោះបង់​មុខរបរ​បុរាណ​ខាងលើនេះ​ជាក់​ជាមិនខាន​។​

​ចំណែក​លោក​ជួង​សុភា​នាយ​ខណ្ឌ​ជលផល​បាត់ដំបង​បានបញ្ជាក់​ឱ្យដឹងថា​៖​បច្ចុប្បន្ន​ក្នុង​ខេត្តបាត់ដំបង​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​មាន​កសិដ្ឋាន​សរុប​ចំនួន​៤៤​។​ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​របស់​រដ្ឋ​មាន​ចំនួន​១​និង​កសិដ្ឋាន​ចិញ្ចឹម​ឯកជន​មាន​ចំនួន​៤៣​។​

ដោយឡែក​ចំពោះ​តម្លៃ​ក្នុង​ទីផ្សារ​ធ្លាក់ចុះ​មាន​កត្តា​ច្រើន​ពាក់ព័ន្ធ​ដូចជា​បញ្ហា​កូ​វីដ​.១៩,​បញ្ហា​ទីផ្សារ​ប្រទេស​ថៃ​បិទ​រោងចក្រ​ផលិត​ចំណីអាហារ​បណ្តោះអាសន្ន​,​និង​មួយផ្នែក​ទៀត​ដោយសារ​បញ្ហា​កម្ពុជា​ទំនាក់ទំនង​ទីផ្សារ​ធំ​ក្រៅប្រទេស​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​៕

       

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *