ព័ត៌មានសន្តិសុខសង្គម

ផាកពិន័យ​យានយន្ត​ជាង​១៤​ម៉ឺន​គ្រឿង​ក្នុងការអនុវត្ត​ច្បាប់​ចរាចរណ៍​១០៩​ថ្ងៃ

ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថាៈ​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១០៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ ។

យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៤២.៣៤២​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១០៥.៥៤៩​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៦.៧៩៣​គ្រឿង (​រថយន្ត​តូច ៣១.៧៥៦​គ្រឿង និង​រថយន្ត​ធំ ៥.០៣៧​គ្រឿង​)​។

លោក​បន្តថា សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ៨១៧​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦១៦​គ្រឿង និង​រថយន្ត​ចំនួន ២០១​គ្រឿង ។​ក្នុងនោះ​រថយន្ត​តូច​ចំនួន ១៥៩​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤២​គ្រឿង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

  

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *