ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនួន០៣នាក់លួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតភ្ជង់ប្លន់) និងចាប់ជំរិត រវាងជនជាតិចិន និងជនជាតិចិន នៅវេលាម៉ោង០៥ និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ មានជនជាតិចិន០៣នាក់កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិន០១នាក់ ភេទប្រុស។
ដោយកម្លាំងជំនាញកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលដែលឃើញកម្លាំងសមត្ថកិច្ចបាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង០០នាទី ទើបកម្លាំងជំនាញដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលតម្រួតបទបញ្ជាកម្លាំងអន្តរាគមន៍ពិសេស ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តការធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅមុខកាស៊ីណូ ប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូ ប៉ាវជីន។
ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសាងសង់ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យ ទាំង ០៣នាក់ មានឈ្មោះទី១.ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ រាជធានីភ្នំពេញ ទី២.ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្សារទំនើប លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ កោះពេជ្រ រាជធានីភ្នំពេញ ។វត្ថុតាងចាប់យកបានមានកូនកាំប៉ិតស្នៀតចំនួន០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាក Iphone6 ចំនួន ០៣គ្រឿង និងម៉ាក OPPO ចំនួន ០១គ្រឿង)៕