ព័ត៌មានជាតិ

លោក​ បៃដិន ៖​ ​ការបដិសេធមិនទទួលស្គាល់បរាជ័យរបស់លោក ត្រាំ គឺជា​ «ភាពអាម៉ាស់មួយ»

អាមេរិក ៖ លោក ចូ​ បៃដិន​ (Joe Biden) បាននិយាយថា ការដែលប្រធានាធិបតី​ ដូណាល់​ ត្រាំ​ (Donald Trump) បដិសេធមិនទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្ដាហ៍មុននោះ​ គឺជា​ «ភាពអាម៉ាស់មួយ» ប៉ុន្តែលោក បៃដិន មិនបានចាត់ទុកវាជារឿងសំខាន់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតីជាប់ឆ្នោត​ លោក​ បៃដិន​ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងវីលម៉ីងតុន (Wilmington) កាលពីថ្ងៃអង្គារថា​ «និយាយដោយត្រង់ទៅ​ ខ្ញុំគិតថា វាពិតជាភាពអាម៉ាស់មួយដែល​ លោក​ ត្រាំ​ បដិសេធមិនទទួលស្គាល់បរាជ័យ»។ ប៉ុន្តែ​លោក​ បៃដិន​ ដែលបានធ្វើការទាក់ទងជាមួយមេដឹកនាំបរទេសជាច្រើនរួចស្រេចហើយនោះ​ បានបញ្ជាក់ថា​ គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចបានទេ។

ស្របពេលជាមួយគ្នានេះ​ លោក ត្រាំ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រ​ (Twitter) ថា​ លោកនឹងឈ្នះនៅទីបំផុតនៅក្នុងការបោះឆ្នោតនេះដែលគេបានព្យាករថា លោកបានចាញ់រួចទៅហើយ។

សូមជម្រាបថា លទ្ធផលបោះឆ្នោតតាមរដ្ឋមួយៗមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេរហូតមកដល់ពេលនេះ​ ក្នុងគ្រាដែលការរាប់សន្លឹកឆ្នោតជាច្រើនកំពុងបន្តធ្វើឡើង​ ហើយលទ្ធផលចុងក្រោយនឹងត្រូវបានកំណត់នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតរបស់អាមេរិកជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែធ្នូ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *