ព័ត៌មានជាតិ

គយចល័តតំបន់៦ ចាប់រថយន្ដអត់ពន្ធ ៣គ្រឿងនៅស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ទទួលបានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី បានធ្វើការឡោមព័ទ្ធចាប់ឃាត់រថយន្តអត់ពន្ធ ម៉ាក TUNDRA ចំនួនពីរគ្រឿង នៅភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា។

ការឈានទៅដល់ការទ្បោមព័ទ្ធចាប់នេះដោយសារ តែរថយន្តទាំងពីរនេះជាមុខសញ្ញាដឹកឈើ នាំចេញយ៉ាងសកម្មរៀងរាល់យប់ តាមផ្លូវវាងក្រុងសំដៅ ទៅមាត់ច្រកព្រំដែនអូររាំងដាក់ដាំ។ រាល់ពេលធ្វើសកម្មភាពម្ដងៗ រថយន្តទាំងពីរបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បានបន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរលេខតែមួយ)។

ពេលរថយន្តដឹកឈើចេញម្តងៗ ម្ចាស់បានចាត់តាំងមនុស្សមួយក្រុម តាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តដល់ព្រំដែន ដែលជាហេតុធ្វើឲ្យសមត្ថកិច្ច មានការលំបាកក្នុងការបង្ក្រាប។ ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីគយបានចាប់ឃាត់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាកឡិចស៊ីស GS300 នៅមុខហាង អាលីហ្សា ក្បែរស្ថានីយ៍ប្រេង ឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគីរី។

មន្រ្តីគយបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាកលេខ អគ្គនាយកដ្ឋានគយនឹងប្តឹងទៅតុលាការចាត់ការតាមច្បាប់។ រីឯរថយន្តអត់ពន្ធ ដែលនៅបន្តប្រើប្រាស់ មន្ត្រីគយនឹងនៅតែបង្ក្រាបបន្តទៀត។

បច្ចុប្បន្នរថយន្តល្មើសទាំងនេះ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *