ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាង ស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ប្រុស០៣នាក់) និងរបួសធ្ងន់ស្រាលចំនួន០២ នាក់។
បើតាមនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ករណីនេះកម្លាំងនគរបាលចរាចរណ៍បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកសពយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕