ព័ត៌មានជាតិ

កសិករ​ដាំ​បន្លែ​លើ​ផ្ទៃដី​មួយ​ហិកតា​ទទួលបាន​ប្រាក់ចំណូល​១​ឆ្នាំ​ជាង​២០​លាន​រៀល

ព្រះវិហារ​៖​ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូរ​ព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានឱ្យដឹង​លទ្ធផល​ដែល​ទទួលបាន​បន្ទាប់ពី​ពួកគាត់​កែប្រែ​ផ្ទៃដី​ដែលមាន​ទំហំ​១​ហិកតា​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​រកប្រាក់​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​


​លោក​ច​ន​គឹម​ស្រស់​អាយុ​៣៧​ឆ្នាំ​ភរិយា​ឈ្មោះ​យឹ​ង​ថា​វី​អាយុ​៣៨​ឆ្នាំ​មានកូន​ក្នុងបន្ទុក​ចំនួន​២​នាក់​ជា​កសិករ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​បានឱ្យដឹងថា​៖​គាត់​មាន​ផ្ទៃដី​ទំហំ​១​ហិកតា​និង​បាន​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​ដោយ​គិត​ជា​មធ្យម​បាន​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​

 

​កសិករ​រូបនេះ​បាន​បន្តទៀតថា​ដំណាំ​បន្លែ​ដែល​គាត់​ដាំ​រួមមាន​ដើម​ខ្ទឹម​ដែល​រយៈពេល​ដាំ​គឺ​ជាង​១​ខែ​ទទួលបាន​ផល​ហើយ​ដែលជា​មធ្យម​ក្នុង​រយៈពេល​ជាង​១​ខែ​គាត់​អាច​លក់​ដើម​ខ្ទឹម​បាន​ប្រហែល​ជិត​២​តោន ដោយ​ក្នុង​១​គីឡូ​មានតម្លៃ​ចាប់ពី​៣.៥០០​រៀល​ទៅ​៤.០០០​រៀល​។​

 

​ចំណែក​ដំណាំ​ត្រសក់​គាត់​ដាំ​ក្នុង​រយៈពេល​ជាង​មួយខែ​ដូចគ្នា​ទទួលបាន​ផល​ជិត​២​តោន​ដោយ​លក់បាន​តម្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្រោយពី​នោះ​គាត់​ដាំ​បន្លែ​បន្ទាប់បន្សំ​មួយចំនួនទៀត​ដូចជា​ត្រប់​,​ម្ទេស ,​ដែល​ដំណាំ​ទាំងនេះ សរុប​ក្នុង​មួយឆ្នាំ​គាត់​អាច​ទទួល​ចំណូល បាន​ជាង​២០​លាន​រៀល​ដែរ​។​

 

​កសិករ ច​ន គឹម​ស្រស់ បានឱ្យដឹង​ទៀតថា​៖​ចំពោះ​វិធីសាស្ត្រ និង​បច្ចេកទេស​ក្នុង​ការដាំដុះ​បន្លែ​នេះ គឺ​គាត់​មើល​តាម​យូ​ធូប​និង​មានការ​បង្រៀន​ពី​មន្ត្រី​កសិកម្ម​ផងដែរ​។​កន្លងមក​គាត់​ទទួលបាន​សម្ភារ​ជាច្រើន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​សម្រាប់​យកមកប្រើ​ប្រាស់​លើ​ការដាំ​បន្លែ​របស់គាត់​។​ក្នុងនោះ​គាត់​ក៏​សំណូមពរ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​ព​ន្លឿ​ន​ការស្តារ​ស្រះ​និង​ឧបត្ថម្ភ​ម៉ាស៊ីនបូមទឹក​សម្រាប់​គាត់​ផង​ព្រោះ​ខែ​នេះ​ទឹក​ចាប់ផ្តើម​រីង​បណ្តើរៗ​ហើយ​៕​​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *