ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យទីតាំងដែលបុរសកើតជំងឺកូវីដ-១៩ម្នាក់មកស្នាក់នៅ

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម ស៊ីថាន អាយុ២៧ឆ្នាំ មានករណីវិជ្ជមានកូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) ឯកឧត្តមអភិបាលខេត្តបានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនាំយកបុរសខាងលើមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសខាងលើមានលទ្ធផលវិមានកូវីដ-១៩។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូនដែលបានពាក់ព័ន្ធនឹងបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរទៅ ដើម្បីទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ទាន់។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលក៏សូមបងប្អូនអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវវិធានការចាំបាច់នានា តាមការណែនាំរបស់មន្ត្រីសុខាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *