ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

ជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ដ្រនៃខេត្តមួយ ទៅភូមិសាស្ដ្រនៃខេត្តមួយទៀត។

 

ដោយឡែក សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។

 

តាមសេចក្ដីសម្រេចនេះផងដែរ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យអនុវត្តវិធានការនេះប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ គណៈអភិបាលរាជធានី-ខេត្ត មានសមត្ថកិច្ច ក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ដោយអនុលោមតាមគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីសម្រេច និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន។

 

ជាងនេះទៅទៀត ក្នុងរយៈពេលពីរសប្តាហ៍នេះ គណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *