ព័ត៌មានជាតិ

មិនថាតំបន់​ក្រហម,លឿងទុំ,លឿង,​សំខាន់​បន្ត​វិធានការ​ទប់ស្កាត់និង​ការពារ​ជាប់​ជាប្រចាំ​

ភ្នំពេញ​៖ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ថ្មីៗនេះអាជ្ញាធរបាន​បែងចែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​បី​តំបន់ រួមមាន តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​។​

តំបន់​ក្រហម សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។ តំបន់​លឿងទុំ សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។ តំបន់​លឿង សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​តំបន់​ក្រហម មាន ៩​សង្កាត់ ក្នុង ៥​ខណ្ឌ​។ តំបន់​លឿងទុំ មាន ៤១​សង្កាត់ នៅក្នុង​ខណ្ឌ​ទាំង ១៤ និង​តំបន់​លឿង មាន ៦៦​សង្កាត់ នៅក្នុង ១៣​ខណ្ឌលើកលែងតែ​ខណ្ឌមានជ័យ​។​

 

​ក្នុង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ក៏បាន​កំណត់ថា វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ​ភូមិសាស្ត្រ​រាជធានី ភ្នំពេញ ដែលមាន​ការបែងចែក​តំបន់​ជា​បី​ពណ៌​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត សម្រាប់​រយៈពេល ៧​ថ្ងៃ​គិត​ចាប់ពី​ម៉ោង សូន្យ នា​ថ្ងៃទី​២៩ ខែមេសា រហូតដល់​ថ្ងៃទី​៥ ខែឧសភា ។ ការហាមឃាត់​សកម្មភាព​នានា នៅក្នុង​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ក៏បាន​កំណត់ នៅក្នុង​សេចក្តីសម្រេច​នេះ​ដោយ​ភ្ជាប់​នឹង​ផែនទី​ទីតាំង​ភូមិសាស្ត្រ តំបន់​និ​មួយៗ ផងដែរ​។​

ការ​ថែម​ប៉ុន្មាន​ថ្ងៃ​ទៀត រហូតដល់​ថ្ងៃទី​៥​ឧសភា ក៏​មិនមាន​អ្វី ដែល​មិនអាច​ធ្វើ​បានទេ ដើម្បី​ការពារ កុំ​ឲ្យ​តែ​ឆ្លង​កូ​វីដ​១៩​។​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​សព្វថ្ងៃ ពិសេស​នៅ​ភ្នំពេញ អត្រា​ឆ្លង​រាលដាល មិនទាន់​ថមថយ​នៅឡើយ​ទេ​។ ការកំណត់​តំបន់​ក្រហម​នេះ ដើម្បី​បិទ​ខ្ទប់ និង​ឈានទៅ​គ្រប់គ្រង​ការឆ្លង​រាលដាល ចំពោះ​អ្នករស់នៅ​តំបន់​នោះ​ច្រើន នាពេល​សព្វថ្ងៃ​។ តែ​ក៏​មិនទាន់​បានសេចក្តីថា យើង​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បាន​នោះទេ​។​

តាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន វិធានការ ៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ + នៅផ្ទះ ជា​អាវុធ​ដ៏​ស័​ក្ត​សិទ្ធ សម្រាប់​លោកអ្នក ឈ្នះសត្រូវ​អត់​ស្រមោល កូ​វីដ​-១៩​។

​សរុបមក មិន​ថា អ្នក​នៅ​តំបន់​ណាមួយ​ទៀត ក្រហម លឿងទុំ ឬ​តំបន់​លឿង​នោះឡើយ តែ​អ្វីដែល​សំខាន់ ដោយ​ខានមិនបាន គឺ​ម្នាក់ៗ​គ្រប់គ្នា បន្ត​នៅផ្ទះ ហើយ​បើ​ចេញ​ក្រៅ ចាំបាច់ ដោយ​ខានមិនបាន​ត្រូវអនុវត្ត​វិធានការ សុខាភិបាល ក្នុង​ការពារ​ខ្លួន ពាក់​ម៉ាស លាងដៃ រក្សា​កម្លាត កុំ​ជួបជុំ​មនុស្ស​ច្រើន ជាដើម​។ បើ​យក​ល្អ គឺ​គ្រួសារ​មួយៗ បន្ត​នៅក្នុង​ផ្ទះ​បន្តិចទៀត​សិន ទម្រាំ​ស្ងប់ស្ងាត់ និង​អាច​កាត់ផ្តាច់​ការឆ្លង​សហគមន៍ ពិសេស​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​នេះ​តែម្តង​៕

Leave a Reply

Your email address will not be published. Required fields are marked *