ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋងាយរងគ្រោះ (ចាស់ជរា៣៦គ្រួសារ ស្រ្តីមេម៉ាយមានកូនច្រើន២១គ្រួសារ ជនពិការ៧នាក់ គ្រួសារកុមារកំព្រា៣គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត៥៦គ្រួសារ) មកពីស្រុកស្វាយទាប៤៩គ្រួសារ និងក្រុងបាវិត៧៤គ្រួសារសរុប១២៣គ្រួសារ។ចំនួន១២៣គ្រួសារ។
ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងអនុសាខាក្រុងបាវិត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខា។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១២៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥ គ.ក្រ មី១កេស ត្រីខ១០កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកា៤០,០០០ រៀល៕