ព័ត៌មានជាតិ

បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ចេញចូលតាមច្រក​ប្រទេស

បន្ទាយមានជ័យ​៖​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្តបន្ទាយមានជ័យ​បាន​បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ច្រក​ប្រទេស​ក្នុង​គោលដៅ​អនុវត្ត​យន្តការ​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​១៩ ។​ ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​សាលាក្រុង​ប៉ោយប៉ែត​ជាមួយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​ ក្នុងនោះ​ក៏​បង្កើន​ការត្រួតពិនិត្យ​ពលរដ្ឋ​ធម្មតា​និង​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​ទាំង​តាម​ច្រកព្រំដែន​អន្តរជាតិ​ច្រក​តំបន់​ព្រំដែន​និង​ច្រករបៀង​ក្នុងការ​បង្កើន​ការរួមចំណែក​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​មេ​រោ​ញ​កូ​រ៉ូ​ណា​ឬ​នឹង​ជំងឺ​កូ​វីត​១៩ ។​ ​ កិច្ចប្រជុំ​បន្ទាន់​ថ្មី​១​ទៀត​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​មេបញ្ជាការ​បញ្ជា​ការរង​កម្លាំង​ទាំង​៣​ប្រភេទ​អភិបាល​អភិបាលរង​ស្រុក​ក្រុង​មេឃុំ​ចៅសង្កាត់​ទាំងឡាយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា​~​ថៃ​ប្រវែង​ជាង​១៥៣​គម ទល់មុខ​ខេត្ត​ស្រះកែវ​និង​ខេត្ត​បូរី​រាំ របស់​ថៃ ។​ ​កិច្ចប្រជុំ​លើកយក​បញ្ហា​មក​ពិនិត្យ​ពិភាក្សា​លើ​វិធានការ​កម្លាំង​សរុប​មធ្យោបាយ​សរុប​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពេទ្យ (​ម៉ាស៊ីន​បាញ់​កំដៅ​,​ការលាង​សម្អាត​ដៃ​) ។​ ​គឺ​ធ្វើ​ទៅលើ​ទៅលើ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញចូល​ក្រៅប្រទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ពលករ​កម្ពុជា​ដែល​នឹង​ត្រឡប់​មកពី​បរទេស​កាត់​តាម​ប្រទេស​ថៃ​រួច​ចូលមក​មាតុភូមិ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រក​តំបន់ និង​ច្រករបៀង ៕   

ព័ត៌មានជាតិ

​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​មួយ​កំពុង​ចាក់ដី​មាត់​ស្ទឹង​របស់​រដ្ឋ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

  ព្រះវិហារ​៖​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​យីហោ​”​សូ​សារ៉ាក់​២”​មួយកន្លែង​សព្វថ្ងៃ​កំពុង​ដំណើការ​ចាក់ដី​លុប​ចំណី​មាត់​ស្ទឹង​ដែលជា​ដី​របស់​រដ្ឋ​តែ​មន្ត្រី​ជំនាញ​បាន​ឆ្លើយ​ដាក់គ្នា​ថា​អត់​ទាន់​បានដឹង​នៅឡើយ​ទេ​។​ដី​មាត់​ស្ទឹង​នោះ​ស្ថិតនៅ​ភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៥​និង​២៦​ពី​រង្វង់​មូល​ស្រអែម​ឆ្ពោះទៅកាន់​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឩ​ត្ត​រ​មានជ័យ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះថា​ទីតាំង​ដី​មាត់​ស្ទឹង​របស់​រដ្ឋ​ដែល​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​យីហោ​ឈ្មោះ​”​សូ​សារ៉ាក់​២”​ចាក់ដី​លុប​យកមក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នោះ​មិនគួរណា​អាជ្ញាធរ​បណ្តែតបណ្តោយ​ឱ្យ​អ្នកមាន​លុយ​ចាក់ដី​លុប​ស្ទឹង​រំលោភ​យកបែប​នេះ​ទេ​។​ ការចាក់ដី​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​។​ពេល​ខែវស្សា​ប្រាកដជា​ធ្វើឱ្យមាន​ទឹកជំនន់​លិចលង់​ផ្ទះ​និង​ភូមិដ្ឋាន​ជាពិសេស​ផលដំណាំ​របស់​ពួកគាត់​ជាមិនខាន​ឡើយ​។​ពលរដ្ឋ​បានលើកឡើង​ទៀតថា​បញ្ហា​មួយទៀត​នៅពេល​រដូវ​ទឹកជំនន់​ម្តងៗ​វា​អាច​ស្ទះ​ស្ទឹង​ដែលជា​ដើមចម​បណ្តាលឱ្យ​ទឹក​ហូរ​មកលើ​ផ្លូវជាតិ​ច្រោះ​បាក់​ឬក៏​ដាច់​ផ្លូវ​ខាងលើនេះ​ទៀតផង​។​ ​ពាក់ព័ន្ធ​នឹង​ករណី​ចាក់ដី​លុប​រំលោភ​យក​ដី​មាត់​ស្ទឹង​នេះ​លោក​មូល​ម៉ាប់​មេឃុំ​កន្ទួត​បាន​ឆ្លើយថា​ក្នុងនាម​លោក​ជា​អាជ្ញាធរ​លោក​បានដឹង​ដែរ​។​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ទៅ​ហាមឃាត់​ដែរ​តែ​ម្ចាស់​គេ​មិន​ស្តាប់​ហើយ​គេ​ប្រាប់​លោក​ថា​ដី​នេះ​គឺ​ភូមិបាល​ស្រុក​គេ​បានចេញ​ប្លង់រឹង​ឱ្យឈ្មោះ​សូ​សារ៉ាក​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​នោះ​ហើយ​។​ ​លោក​សៀង​សុង​ដូ​ប្រធាន​ភូមិបាល​ស្រុក​ជាំ​ក្សាន្ត​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា​លោក​មិនដឹង​ទេ​បច្ចុប្បន្ន​លោក​បាន​ផ្លាស់ប្តូរ​មក​ធ្វើការ​នៅ​ខេត្តព្រះវិហារ​វិញ​ហើយៗ​។​ជាមួយ​នោះ​លោក​ឱ្យទៅ​សួរ​លោក​ញ៉ា​ន់​សុភ​ត្ត្រា​ប្រធាន​ភូមិបាល​ស្រុក​ទើប​ឡើង​ថ្មី​ទៅ​ទើប​ដឹង​។​ចំពោះ​លោក​ញ៉ា​ន់​សុភ​ត្ត្រា​ប្រធាន​ភូមិបាល​ស្រុក​ដែល​ទើប​ឡើង​ថ្មី​លោ​កថា​លោក​មិនបាន​ដឹង​ដី​នោះ​នៅ​កន្លែង​ណា​ទេ​ចាំ​លោក​ឱ្យ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​សិន​។​ ​ តែបើ​ទោះបីយ៉ាងណា​សកម្ម​ភាព​នេះ​ធ្វើឱ្យ​មតិ​ភាគច្រើន​ហួសចិត្ត​ដោយបាន​លើកឡើងថា​មិនគួរណា​លោក​សំ​សារឿន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ហ៊ាន​ចេញ​ប័ណ្ណ​ឬក៏​ប្លង់រឹង​កាន់កាប់​ដី​មាត់​ស្ទឹង​ដែលជា​ដី​របស់​រដ្ឋ​ឱ្យទៅ​បុគ្គល​ម្នាក់​យ៉ាង​អីចឹង​ឡើយ​។​ ​ប្រជាពលរដ្ឋ​សូម​ណូ​ម​ពរ​សុំ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​មេត្តាជួយ​ពិនិត្យ​លើ​ករណីនេះ​ផង​ដោយ​ពួកគាត់​ឆ្ងល់​ថា​តើ​ដី​មាត់​ស្ទឹង​បឹងបួរ​អូរ​ព្រែក​ស្ទឹង​ទុក​ចំណី​ប៉ុន្មាន​ម៉ែត្រ​?​បើ​បច្ចុប្បន្ន​ដីស្ទឹង​គេ​ចាក់​លុប​ស្ទើរតែ​បាត់អស់​ទៅហើយនោះ​? ​

ព័ត៌មានជាតិ

ចាប់ខ្លួន​សកម្មជន​ន​យោ​បាយ​ឥណ្ឌា​ម្នាក់ពីបទ​លក់​ទឹកនោមគោ​ដើម្បី​យកទៅ​ព្យាបាល COVID-19

ព័ត៌មានអន្តរជាតិ​៖​សកម្មជន​នយោបាយ​ឥណ្ឌា​ដែល​មកពី​គណបក្សកាន់អំណាច​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មាន​មនុស្ស​ជាច្រើន​នាក់​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​បាន​ផឹក​ទឹកនោមគោ​ក្នុង​ពិធី​មួយ​ដើម្បី​រាំងខ្ទប់​ការ​រាតត្បាត​នៃ​វីរុស COVID-19​។​ ​ លោក​ណា​រ៉ា​យ៉ាន​ចា​ទែ​រ​ជី​សកម្មជន​គណបក្ស​BharatiyajanataParty​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​រដ្ឋ​បឹង​ហ្កា​ល់​កាលពី​ថ្ងៃ​អង្គារ​(​ទី​១៨​មីនា​២០២០)​ពីបទ​ថា​បាន​ធ្វើជា​អ្នកចាត់ចែង​ព្រឹ​ត្ត​ការណ៍​ទឹកនោមគោ​ហើយ​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ស្ម​គ្រ័​ចិត្ត ផឹក​ទឹកនោមគោ​ដោយមាន​ការបង់ថ្លៃ ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19​។​ ​ក្រោយពី​ផឹក​ហើយ​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​ក៏​ធ្លាក់ខ្លួន​ឈឺ​ហើយក៏​នាំគ្នា​ទៅប្តឹង​ប៉ូលិស​។​ប៉ុន្តែ​ប្រធាន​គណបក្ស BJP ប្រចាំ​រដ្ឋ​បឹង​ហ្កា​ល់​បាន​និយាយថា ការចាប់ខ្លួន​នេះ​គឺជា​រឿង​គួរឱ្យ​សោកស្តាយ​ណាស់​។​ ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពួកគេ​មាន​សិទ្ធិ​ក្នុងការ​សម្តែង​មតិ​របស់ខ្លួន​។​ជាការ​គួរឱ្យ​សោកស្តាយ​គឺថា​ការចាប់ខ្លួន​លោក​Chatterjee​ដោយ​មូលហេតុ​គ្រាន់តែ​លោក​សម្តែង​នូវ​ការបង្ហាញ​នូវ​ទស្សនៈ​របស់លោក​ក្នុងនាម​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នោះ​។​ ​យើង​ក៏​មិនដឹងថា​តើ​ប្រជាជន​ដែល​ចូលរួម​ទាំងនោះ​ត្រូវបាន​ចាប់បង្ខំ​ឱ្យ​ផឹក​ទឹកនោមគោ​ឬក៏​ពួកគាត់​ស្ម័គ្រចិត្ត​ផឹក​ដោយ​ខ្លួនឯង​ឬ​យ៉ាងណា​នោះទេ​៕

ព័ត៌មានជាតិ

​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ចំនួន​៥០​ម៉ឺន​គ្រឿង​ដល់​សហរដ្ឋអាមេរិក

ព័ត៌មាន​អន្តរជាតិ​៖​បុរស​មាន​ជាងគេ​បំផុត​របស់​ចិន​បាន​បរិច្ចាគ​ម៉ាស់​មុខ​ចំនួន​១​លាន​និង​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​រ៉ូ​ណា​ចំនួន​៥០០.០០០​គ្រឿង​ដល់​សហរដ្ឋអាមេរិក​។​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វីដ​១៩​ដែល​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥.០០០ នាក់​នៅ ទូទាំង​ពិភពលោក​។​ ​ជំនួយ​របស់​មហាសេដ្ឋី​រូបនេះ​កើតឡើង​ស្របពេល​របប​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​ឈ្លោះ​គ្នា​ជុំវិញ​ប្រភពដើម​នៃ​ជំងឺ​ដ៏​សាហាវ​ដែល​គេ​ស្គាល់​ថា កូ​វីដ​១៩​។​លោក ជែក ម៉ា ដែលមាន​ទ្រព្យសម្បត្តិ ៣៩,៣៦ ពាន់​លាន​ដុល្លារ​បានប្រកាស​ការសម្រេច​ចិត្ត​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​ខែ​១៣​មីនាឆ្នាំ​២០២០​តាមរយៈ​គណនី​របស់​គាត់​នៅលើ​បណ្តាញ​សង្គម Weibo​។​ ​លោក​ម៉ា​ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​Alibaba​បាន​និយាយថា​គាត់​បាន​ប្រមូលបាន​គ្រឿង​ផ្គត់ផ្គង់​ទាំងនេះ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយនឹង​បញ្ជូន​វា​ភ្លាមៗ​ជា​អំណោយ​ដល់​ប្រជាជន​អាមេរិក​។​ក្នុង​សញ្ញា​ថ្មី​នៃ​ជម្លោះ​ការទូត​ចិន​និង​សហរដ្ឋអាមេរិក​បា​នប​ន្ទោ​ស​គ្នា​ទៅវិញទៅមក​ចំពោះ​ការបង្ក​ឱ្យមាន​វីរុស​កូ​វីដ​១៩​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​វីរុស​កូ​រ៉ូ​ណា​ប្រហែល​ត្រូវបាន​នាំមក​ទីក្រុង​វូ​ហាន​ដោយ​យោធា​អាមេរិក​។​ខណៈ​ពួក​អ្នកនយោបាយ​អាមេរិក​នៅតែ​បន្ត​ហៅ​មេរោគ​កូ​វីដ​១៩​ថា​“​វីរុស​វូ​ហាន​” ឬ​“​វីរុស​កូ​រ៉ូ​ណា​ចិន​”៕​

ព័ត៌មានជាតិ

​អ៊ីតាលី រកឃើញ​អ្នក​ឆ្លង​វីរុស កូ​វីដ​-១៩ សរុប​២៤.៧៤៧​នាក់ និង​ស្លាប់​១.៨០៩

ព័​ត៌​មា​ន​អន្តរជាតិ​៖ បើតាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ Channel News Asia នា​ព្រឹក​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​យោងតាម​ក្រសួងសុខាភិបាល​អ៊ីតាលី​បាន​បញ្ជាក់ថា​មនុស្ស​ស្លាប់​ដោយសារ​វីរុស កូ​វីដ​-១៩ សរុប​កើន​ដល់ ១.៨០៩​នាក់ និង​ឆ្លង ២៤.៧៤៧​ករណី​។​ ​សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​កាលពី​ម្សិលមិញ​នេះ​អ្នកជំងឺ​កូ​វីដ​-១៩​សរុប​៣៦៨​នាក់​បន្ថែមទៀត​បាន​ស្លាប់​ដែលនាំឱ្យ​ប្រទេស​នេះ​កំពុង​កំពុង​ប្រឈមមុខ​ភាពខ្វះខាត​ធ្ងន់ធ្ងរ​ផ្នៃ​ក​សម្ភារ​បរិក្ខា​ពេទ្យ មាន​គ្រែ​អ្នកជំងឺ និង​គ្រឿង​បរិក្ខា​ពេទ្យ​សំខាន់ៗ​ផ្សេងទៀត​។​ ​គួរបញ្ជាក់​ផងដែរ​ថា​ប្រទេស​អ៊ីតាលី​មាន​ប្រជា​ជាន​រស់នៅ​ជាង​៦០​លាន​នាក់​គឺ​កំពុងស្ថិត​នៅក្នុង​ការបិទ​ទ្វារ​នៅឡើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​នូវ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​សម្រាប់​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ឡុ​ម​បា​ឌី​(Lombardy)​។​ដោយនៅ​ទីនោះ​មនុស្ស​រហូតដល់​១.២១៨​នាក់​ឯណោះ​បាត់​បង់ជីវិត​ដោយសារតែ កូ​វីដ​-១៩ ដែល​ភាគច្រើនបំផុត​ជា​មនុ​ស្សមាន​វ័យចាស់​ជរា​។​ ​ដោយឡែក​អភិបាល​ទីក្រុង មី​ឡេ​ន (Milan) ដែល​ស្ថិតនៅក្នុង​តំបន់​ខាងលើ​ដែរ គឺ​លោក អាត​ធី​លី​យ៉ូ ហ្វុ​ន​ថា​ណា​(AttilioFontana)​បាន​លើកឡើងថា​«​ពេលនេះ​ទីក្រុង​ហិរញ្ញវត្ថុ​របស់​អី​តា​លី​កំពុងតែ​រង​វិបត្តិ​ធ្ងន់ធ្ងរ​ឡើងៗ​ហើយ​។ យើង​កំពុង​ឈានទៅរ​ការខ្វះខាត​គ្រែ និង​ឧបករណ៍​ដកដង្ហើម​សិ​ប្ប​និម្មិត សម្រាប់​អ្នកជំងឺ ដែល​យើង​ពិតជា​មិនអាច​ទៅរក​នៅទីណា​បានទេ​»​។ ​បច្ចុប្បន្ននេះ ប្រទេស​អ៊ីតាលី​កំពុងតែ​រង់ចាំ​ការ​នាំចូល​គ្រឿង​បរិក្ខា​ពេទ្យ យ៉ាងច្រើន​ពី​បរទេស​៕

ព័ត៌មានជាតិ

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦​ខែមីនា​មាន​១៥​លើក​ស្លាប់​៦​នាក់​របួស​៣៣​នាក់​

ភ្នំពេញ​៖​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១៦​មីនាឆ្នាំ​២០២០​មាន​១៥​លើក​។​ក្នុងនោះ​បង្កឱ្យមាន​មនុស្ស​របួសធ្ងន់​១៨​នាក់​របួសស្រាល​១៥​នាក់​និង​ស្លាប់​៦​នាក់​។​ ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ​១៦​មីនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣៩​នាក់ នៅ​ថ្ងៃទី​១៦​មីនា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​១៥​លើក​៕ FacebookWhatsAppTelegram

ព័ត៌មានជាតិ

ត្រួតពិនិត្យ​ភ្ញៀវ​ដែល​ធ្វើដំណើរ​ចូលមក​​ខេត្តមណ្ឌលគិរី​ទប់ស្កាត់វីរុស​Covid19

មណ្ឌលគិរី​៖​បើទោះបីជា​ខេត្តមណ្ឌលគិរី​គ្មាន​ករណី​កើតឡើង​ដោយសារ​វីរុស​Covid19​យ៉ាងណាក្តី​តែ​ខេត្ត​មួយ​នេះ​ត្រូវ​បាននិងកំពុង​អនុវត្ត​វិធី​ទប់ស្កាត់​ដោយ​ពិនិត្យ​លើ​អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​ចូលមកក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ពិសេស​ភ្ញៀវ​បរទេស​នោះ​តែម្តង​។​ ​កាលពី​ព្រឹក​ថ្ងៃទី​១៦​មីនាឆ្នាំ​២០២០​នៅ​ចំណុច​គោលដៅ​ជាប់​ព្រុំប្រទល់​ខេត្តក្រចេះ​មណ្ឌលគិរី​កម្លាំងចម្រុះ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។​នៅ​ចំណុច​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​បាន​រឹតបណ្តឹង​ច្បាប់​ចរាចរ​ផ្លូវគោក​នឹង​បទបញ្ជា​ថ្មី​នូវ​ករណី​សង្ស័យ​។​ដើម្បី​ពិនិត្យមើល​កម្តៅ​ចំពោះ​អ្នកធ្វើដំណើរ​ចូលមក​ខេត្តមណ្ឌលគិរី​លើ​រថយន្ត​ដែលជា​ជនជាតិ​បរទេស​នឹង​ជនជាតិខ្មែរ​អ៊ិ​ស្លាម​។​ ​ក្នុង​សកម្មភាព​នោះ​ដឹកនាំ​បទបញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាន់​ទិ​ត្យ​ស្នងការរង​ខេត្តមណ្ឌលគិរី​។​សមាសភាព​និង​សកម្មភាព​ចូលរួម​មាន​,​មន្ត្រីនគរបាល​ចរាច​រ​៤​រូប​,​កងកម្លាំង​អន្តរាគមន៍​៦​រូប​,​នគរបាល​អន្តោប្រវេសន៍​៣​រូប​,​កងកម្លាំង​អាវុធហត្ថ​ខេត្ត​៤​រូប​,​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បុគ្គលិក​ពេទ្យ​ជំនាញ​៥​នាក់​,​មន្ត្រី​មន្ទីរ​សាធារណការ​ម្នាក់​។​ ​កម្លាំងចម្រុះ​សរុប​រួម​ចំនួន​២៤​រូប​ដែល​បានធ្វើ​ការចុះ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរ​ផ្លូវគោក​និង​អនុវត្តន៍​បទបញ្ជា​ថ្មី​។​ករណី​ត្រួតពិនិត្យ​ជនជាតិ​ម៉ាឡេស៊ី​និង​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ក្នុងករណី​សង្ស័យ​ផ្ទុក​ជំងឺ​Covid19​ជាប្រចាំ​ដែល​ធ្វើដំណើរ​លើ​រថយន្ត​គ្រប់​ប្រភេទ​ចូលមក​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។​ចំពោះ​ច្រកទ្វា​ទ្វេភាគី​ទាំងបី​ដែលមាន​ការចេញចូលរ​វៀង​ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​ក៏មាន​ការដាក់​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​ ​ទោះជា​យ៉ាងណា​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​អំពី​ករណី​សង្ស័យ​ពី​វីរុស​ដ៏​សាហា​នេះ​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​នៅឡើយ គិត​ត្រឹម​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នេះ​៕

ព័ត៌មានជាតិ

នៅតែ​បន្ត​ត្រួតពិនិត្យ​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវ​​ច្រកអន្តរជាតិ​ព្រែក​ចាក​ដើម្បី​បង្ការ​​មេរោគ​កូ​រ៉ូ​ណា​

កំពត​៖​មន្ត្រី​ទទួលបន្ទុក​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​រវាង​ប្រទេស​កម្ពុជា​- វៀតណាម​បាន​អះអាង​អំពី​សកម្មភាព​ជាធម្មតា​ចំពោះ​អ្នកដំណើរ ភ្ញៀវទេសចរ និង​ការដោះដូរ​ទំនិញ ចូលមក​ខេត្តកំពត​។ ប៉ុន្តែ​វិធានការ​រឹតបន្តឹង​សម្រាប់​ការឆ្លងកាត់​នៅតែ​បន្ត​អនុវត្ត​ជុំវិញ​ករណី​ជំងឺ Covid 19 ស្រប​ពេលដែល​ទូទាំង​ពិភពលោក​កំពុង​ព្រួយបារម្ភ​នោះ​។​ ​លោក​ង៉ែត​សាវឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​រៀបរាប់ថា​តាំងពី​មាន​ហេតុការណ៍​ផ្ទុះឡើង​នៃ​ជំងឺ​Covid19​នៅ​ចិន​ហើយ​ឆ្លង​រាលដាល​ដល់​ប្រទេស​នានា​នោះ​រហូតមកដល់​បច្ចុប្បន្ន​ការត្រួតពិនិត្យ​នៅ​ច្រកទ្វារ​មួយ​នេះ​មិនទាន់​រកឃើញ​លទ្ធផល​វិជ្ជមាន​ចំពោះ​មេរោគ​កូ​រ៉ូ​ណា​ទេ​។ មន្ត្រី​ពាក់ព័ន្ធ​ទាំង​នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ក៏ដូចជា​ច្រកទ្វារ​ទ្វេរ​ភាគី​ទាន់ហន់​ក្នុងស្រុក​កំពង់ត្រាច​បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការ​នោះ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។ ​លោក​ប្រធាន​ទីស្នាក់ការ​បាន​បន្តថា​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ចាប់​បើកទ្វារ​នៅ​ម៉ោង​៦​ព្រឹក​ហើយ​បិទ​នៅ​ម៉ោង​៦​ល្ងាច​ដោយមាន​អ្នកធ្វើដំណើរ​ជា​ហូរហែ​។​ដោយឡែក​ពេលយប់​មិន​អនុញ្ញាតិ​ឱ្យ​ឆ្លងកាត់​ដូច​មុន​ទេ​។​រាល់​ការឆ្លងកាត់​នៃ​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​សុទ្ធ​តែមាន​ការធ្វើ​កោសល​វិច័យ​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ដែល​ប្រចាំការ​នៅទីនេះ​យ៉ាង​ទៀងទាត់​។ ​លោក​ង៉ែត​សាវឿន​បាន​បញ្ជាក់ថា​ជាមួយនេះ​លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ត្រួតពិនិត្យ​បន្ថែមទៀត​ផងដែរ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ និង​ភ្ញៀវទេសចរ ក៏ដូចជា​អាជីវករ​ព្រមទាំង​អ្នក​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​សូម​ចូលរួម​ក្នុង​កិច្ចការពា​ខ្លួន​ឱ្យបាន​ល្អជា​ពិសេស​ត្រូវ​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​ជាប្រចាំ​៕

ព័ត៌មានជាតិ

​រកឃើញ​កូ​វីដ​១៩​មួយ​ករណី​ទៀត​លើ​ខ្លួន​ជនជាតិ​បារាំង​ចូលមក​កម្ពុជា​ដោយ​ឆ្លងកាត់​សិង្ហ​បុរី​

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ​បានប្រកាស​អំពី​ការរកឃើញ​ករណី​កូ​វីដ​១៩​ចំនួន​១​ករណី​ថែមទៀត​នៅលើ​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​អាយុ​៣៥​ឆ្នាំ​ដែល​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​។​ ​ករណី​ថ្មី​នេះ ធ្វើឱ្យ​កម្ពុជា​បាន​រកឃើញ​អ្នក​កើត​ជំងឺ Covid-19 ចំនួន​៨​ករណី​ហើយ ដោយ​ក្នុងនោះ​មាន​៖ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​។​ទី​៣៖​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​ទី​៤៖​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្តកំពង់ចាម​។​ ​ទី​៥៖​ស្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៩​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្តកំពង់ចាម​។​ទី​៦៖​បុរស​ជនជាតិ​កាណាដា​អាយុ​៤៩​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​។​ទី​៧៖​បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី ភ្នំពេញ​។​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​៕​

ព័ត៌មានជាតិ

ជប៉ុន​ប្រគល់រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​២​គ្រឿងជូន​រាជធានី​ភ្នំពេញ​​

ភ្នំពេញ​៖​រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក​ចំនួន​២​គ្រឿង​ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ហៅ​JICA​ប្រចាំ​កម្ពុជា​បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​បូមទឹក​ជន់​លិច​នៅក្នុង​តំបន់​នានា​នៅក្នុង​ភ្នំពេញ​។​ នេះ​ក៏​ជា​ជំនួយ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។​ ពិធី​ប្រគល់​និង​ទទួល​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​យូ​អ៊ី​ជី​ស៊ូ​ហ្កា​ណូ​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុង​ពិធី​នោះ​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​នេះ​ស្ថិតក្នុង​គម្រោង​ជំនួយ​ការពារ​ទឹកជំនន់​និង​ការកែលម្អរ​ប្រព័ន្ធ​លូ​នៅក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ក្រោម​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។ លោក​បន្តថា​៖​នេះ​គឺជា​ការផ្គត់ផ្គង់​គ្រឿងចក្រ​ជា​លើក​ទី​២​បន្ទាប់ពី​ផ្គត់ផ្គង់​រថយន្ត​បូមទឹក​សម្អាត​បណ្ដាញ​លូ​ចំនួន​៤​គ្រឿង​និង​រថយន្ត​បាញ់​លាង​សម្អាត​ចំនួន​៤​គ្រឿង​ស្ថិតក្នុង​គម្រោង​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី ៣​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។​ លោក​យូ​អ៊ី​ជី​ស៊ូ​ហ្កា​ណូ​បាន​មានប្រសាសន៍​ឱ្យដឹងថា​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រា​ជនី​ភ្នំពេញ​ជំហាន​ទី​៤​បានចាប់ផ្តើម​ឡើង​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​ហើយ​គ្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​ខែ​១០​ឆ្នាំ​២០២១​។​លោក​បានបញ្ជាក់​ផងដែរ​ថា​៖​ទោះបីជា​យើង​បាន​ខិតខំ​បំពេញការងារ​ជុំវិញ​ការរំដោះ​ទឹកជំនន់​ចេញពី​រាជធានី​ភ្នំពេញ​យ៉ាងណាក្តី​។​ ​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​លើកឡើងថា​៖​រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ដែល​ទទួល​ពី​ជប៉ុន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​នៅពេលនេះ​។​ គឺ​ក្នុង​មួយគ្រឿង​មាន​សមត្ថភាព​បូមទឹក​បាន​៣០​ម៉ែត្រគុប​ក្នុង​១​នាទី​និង​ទុយោ​បង្ហៀរ​ប្រវែង​៣០០​ម៉ែត្រ​សម្រាប់​ចល័ត​បូមទឹក​ភ្លៀង​ដែល​ជន់​លិច​ហើយ​បង្ហូរ​ចូល​ប្រឡាយ​បឹង​ដែល​នៅ​ជិត​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ​លោក​អភិបាល​រាជធានី​បន្តថា​៖​ក្នុង​រថយន្ត​មួយគ្រឿង​បំពាក់​ម៉ាស៊ីនភ្លើង​និង​គ្រឿង​ម៉ាស៊ីនបូមទឹក​ចំនួន​៦​គ្រឿង​និង​ទុយោ​បង្ហៀរ​៥០​ម៉ែត្រ​សម្រាប់​ម៉ាស៊ីនបូមទឹក​នីមួយៗ​។​សម្រាប់​ប្រតិបត្តិការ​ម៉ាស៊ីនបូមទឹក​គឺអាច​បូម​ស្របគ្នា​ឬ​ដោយឡែក​ពីគ្នា​ទាំង​៦​គ្រឿង​ដែលមាន​ទុយោ​បង្ហៀរ​ចំនួន​៦​ខ្សែ​ឬក៏​អាច​បូម​បន្ត​គ្នា​ចំនួន​ពីរ​គ្រឿង​ដែលមាន​ទុយោ​ប​បង្ហៀរ​ចំនួន​៣​គ្រឿង​សម្រាប់​ទីតាំង​បង្ហូរ​ចេញ​នៅ​ឆ្ងាយ​ឬ​កន្លែង​បូម​មាន​ជម្រៅ​ជ្រៅ​៕