ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ៖ គោលនយោបាយធ្វើទំនើបកម្មកសិកម្មបានជំរុញការបង្កើនផលិតបន្លែសុវត្ថិភាពឆ្លើយតបតម្រូវការក្នុងស្រុក

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្មបានជំរុញ និងបង្កើនការផលិតបន្លែសុវត្ថិភាពនៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលជាបណ្តើរៗ តាមរយៈការបំពាក់ផ្ទះសំណាញ់ និងបញ្ចូលបច្ចេកវិទ្យាថ្មីនៃការដាំដុះ និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកជូនដល់កសិករ។

ឯកឧត្តមបន្តថា អ្វីដែលកសិកររបស់យើងធ្លាប់ប្រឈមធ្វើការដាំដុះបន្លែកន្លងមកដែលយើងមិនដឹងនោះគឺមានការប្រឈមទៅនឹងអាកាសធាតុ (ក្តៅខ្លាំងនៅរដូវប្រាំង និងភ្លៀងច្រើននៅរដូវវស្សា) និងជាពិសេសសត្វល្អិតបានកើតឡើងច្រើន នៅរដូវក្តៅ និងដើមរដូវវស្សា ហើយទាមទានូវការប្រើប្រាស់ថ្មាំពុលលើសកម្រិត រួមជាមួយនឹងវិធានការជាច្រើនទៀត ហើយទទួលបានប្រាក់ចំណូលទាបបំផុត ទន្ទឹមនឹងនេះបានដាក់បន្ទុកទៅលើកសិករ និងមន្រ្តីកសិកម្ម មិនយកចិត្តទុកដាក់ក្នុងការបង្កើនផលិតស្បៀងនៅក្នុងស្រុក។

ឯកឧត្តមបន្តទៀតថា តាមរយៈការផ្តល់ជូននូវបច្ចេកវិទ្យាថ្មីនៃការដាំដុះដល់កសិករក្នុងរយៈពេលមួយឆ្នាំចុងក្រោយ យើងបានពិនិត្យឃើញថាប្រជាជនមានការេពេញចិត្ត ក្នុងការបង្កើនការដាំដុះរហូតទៅដល់ ពី៥ ទៅ៦ដងក្នុងមួយឆ្នាំ ហើយមិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត ហើយក៏មានការបញ្ជាទិញពីទីផ្សារមានការកើនឡើងខ្ពស់ផងដែរ។

ជាមួយគ្នានោះ តាមរយៈលទ្ធផលដ៏ល្អប្រសើរដែលយើងកំពុងទទួលបាននេះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវក្តីសង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងអស់ និងក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុកដាក់ និងបង្កើនទុនវិនិយោគជួយកសិករយើងបន្ថែមទៀត នាពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *