ព័ត៌មានជាតិ

វ៉ាក់សាំង​ជាច្រើនទៀត ពី​យន្តការ COVAX នឹង​បញ្ជូន​មកដល់​កម្ពុជាក្នុងរយៈពេល២-៣សប្ដាហ៍​ខាងមុខ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បនឱ្យដឹងថា វ៉ាក់សាំងជាច្រើនទៀត ដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការ Covax ត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេល២-៣សប្តាហ៍ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ការអះអាងរបស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងក្នុងឱកាស ជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល ដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។

លោកស្រីអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកស្រីបានរំឭក ពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។

សូមជម្រាបថា វ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយពីយន្តការ COVAX មកឱ្យកម្ពុជា លើកដំបូង បានបញ្ជូនមកដល់កាលពីដើមខែមីនា ចំនួនជាង ៣២ម៉ឺនដូស។ វ៉ាក់សាំងនេះ មានឈ្មោះថា COVISHIELD ដែលផលិតនៅប្រទេសឥណ្ឌា ទទួលអាជ្ញាបណ្ណពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *