ព័ត៌មានជាតិ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញ​ពី​ជំហរក្នុង​ការដោះស្រាយ​បញ្ហា​អតិថិជន ដែល​រង​ផលប៉ះពាល់​ពីកូវីដ១៩

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំហរបស់សមាគម  រួមទាំងសមាជិក ក្នុងការដោះស្រាយបញ្ហាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនាមជាសមាគមវិជ្ជាជីវៈ សូមយកឱកាសនេះជម្រាបជូនសាធារណជនដូចតទៅ៖

១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្បូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ សមាគមជឿជាក់ថា ទាំងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់ដែលមិនអាចខ្វះគ្នាបានគ្រប់កាលៈទេសៈ។ សមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកាលៈទេសៈនេះ មានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះបានទាំងអស់គ្នា។

២. សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតប និងគាំទ្រ អតិថិជនរបស់ខ្លួន។ ជាការពិតណាស់ ក្នុងគ្រាដ៏លំបាកនេះ គ្រឹះស្ថាននីមួយៗដែលជាសមាជិកសមាគម មានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន។ គណៈគ្រប់គ្រង ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថាននីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានានិរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។

៣. ក្នុងការគាំទ្រអតិថិជនរបស់ខ្លួនដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ហើយដំណោះស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ដូចមានចែងនៅក្នុងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

៤. ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជន ត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជន ត្រូវផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។

៥. ចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមសូមធ្វើការលើកទឹកចិត្តដល់អតិថិជន ឱ្យបន្តការបង់សងត្រលប់តាមធម្មតា ដោយទុកអាទិភាពឱ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្តល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺជាកាយវិការសប្បុរសដែលនឹងទទួលបាននូវការគោរព។

៦. សមាគម រួមជាមួយសមាជិករបស់ខ្លួន បាននិងកំពុងតាមដានស្ថានភាពវិវត្តនៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងយកចិត្តទុកដាក់ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជឿជាក់យ៉ាងមុតមាំថា នៅពេលដែលគ្រឹះស្ថានមីក្រូហិរញវត្ថុ និងអតិថិជន ចូលរួមជាមួយគ្នារកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ យើងពិតជាធានាបាននូវ និរន្តរភាពវិស័យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់យើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *