ព័ត៌មានជាតិ

​ប៉ូលិស​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ចំនួន​២៩.៣០៦​គ្រឿង​រយៈ១៩​ថ្ងៃ​

ភ្នំពេញ៖ការអនុវត្ត​ការ​រឹតបន្តឹង​ការ​ច្បាប់​ច​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​រយៈពេល ១៩​ថ្ងៃ​គឺ​គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ២៩.៣០៦​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ច​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩​រយៈពេល​១៩​ថ្ងៃ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៩.៣០៦​គ្រឿង​។ ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ២១.៥៧៩​គ្រឿង និង​រថយន្ត​មាន​ចំនួន ៧.៧២៧​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​បាន​បន្តថា​សម្រាប់​ការអនុវត្ត​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន ១.៦០៤​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​ចំនួន ១.១៩២​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៤១២​គ្រឿង​។

បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព​ល្មើស​សញ្ញា​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន​គឺ​ល្មើស​ល្បឿន​អត់​ខ្សែក្រវ៉ាត់​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​លោក​បាន​បន្តទៀត​ថាស​ម្រា​ប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៩​ខែឧសភា​កើតឡើង​ចំនួន​៣​លើក​ស្លាប់​ចំនួន​ម្នាក់​និង​របួស​ចំនួន​៧​នាក់ ក្នុងនោះ​របួសធ្ងន់​៥​នាក់​។​

​ទាក់ទង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ថា​លទ្ធផល​ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ​។​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ធ្វើឱ្យ​អត្រា​អ្នកស្លាប់​អ្នករងរបួស​និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​ខែឧសភា​ឆ្នាំ​២០២០​មានការ​ថយចុះ​គួរកត់សម្គាល់​។​បើ​ប្រៀបធៀប​នឹង​ពេលមុន​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *