ព័ត៌មានជាតិ

បញ្ជូន​ខ្មាន់កាំភ្លើង​និង​បក្ខពួក​ទៅ​តុលាការ​ករណី​បាញ់សម្លាប់​ម្ចាស់​លុយ​ព្រោះ​ជំពាក់​៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ជននេះ​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ជនរងគ្រោះ​ដោយ​មូលហេតុ​ពួកខ្លួន​ជំពាក់​ប្រាក់​ជនរងគ្រោះ​៣០​ម៉ឺន​ដុល្លារ​តែ​គ្មាន​លទ្ធភាព​សង​ទើប​រៀបចំ​ផែនការ​បាញ់សម្លាប់​ជនរងគ្រោះ​តែម្តង​។

 

​លោក​វរសេនីយឯក​ហង្ស​មុន្នី​អធិការ​នគ​បាល​ខណ្ឌ​កំបូល​បានឱ្យ​អ្នកកាសែត​ដឹងថា​៖​ខ្មាន់កាំភ្លើង​និង​បក្ខពួក​ម្នាក់​ដែល​បាន​បាញ់សម្លាប់​ជនរងគ្រោះ​នៅ​ភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះរ​ទេស​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​នោះ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​សហការ​ស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​បាន​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក ស​ថេត​អគ្គ​ស្នងការរង​ការ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ិន​បូរ៉ា​អគ្គ​ស្នងការរង​ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ង៉េ​ង​ជួ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​និង​ដឹកនាំ​ប្រតិ​ប​ត្ដិ​ការ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ​វិបុល​អនុប្រធាននាយកដ្ឋាន​។​

​លោក​វរសេនីយ៍ឯក​មុំ ចេក នាយការិយាល័យ និង​ជា​អ្នកនាំពាក្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានឱ្យដឹងថា​៖​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួនបាន ទី​១៖​ឈ្មោះ សុខ ហេង​សំបូរ អាយុ​៣០​ឆ្នាំ​ជា​អ្នកបាញ់​និង​ទី​២៖​ឈ្មោះ ផេង ស៊ី​ថុល អាយុ​៤០​ឆ្នាំ​ជា​ម្ចាស់​កាំភ្លើង​។​

 

​លោក​វរសេនីយ៍ឯក មុំ ចេក បានបញ្ជាក់​ទៀតថា​៖​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​បាញ់សម្លាប់​ឈ្មោះ​នៅ​ចំណាន​ពិតប្រាកដ​មែន​។​មូលហេតុ​ដោយសារតែ​ពួកខ្លួន​ជំពាក់​ប្រាក់​ជនរងគ្រោះ​ច្រើន​ហើយ​គ្មាន​លទ្ធភាព​សង​។​

សមត្ថកិច្ច​បាន​បង្ហើប​ថា​ជនដៃដល់​ជំពាក់​លុយ​ជនរងគ្រោះ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ដោយ​សរុប​ទាំង​ដើម​ទាំង​ការ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដែលជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។

​សូម​រំលឹកថា​បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ចំនួន​៤​គ្រាប់​(​ត្រូវ​៣​គ្រាប់​)​ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​បណ្ដាល​ឲ្យ​ស្លាប់​ពេល​កំពុង​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​ផ្លូវលំ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី រថយន្ត​ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​មូលដ្ឋាន​បានបញ្ជាក់​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា PCX​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID7477​តែម្នាក់ឯង​ចេញពី​ស្ទី​ម​នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​លុះ​ពេលទៅដល់​កន្លែងកើតហេតុ​ក៏​ត្រូវបាន​ជនសង្ស័យ​បាញ់ប្រហារ​តែម្ដង​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *