ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុននិងសហការីបានឈានចូលពិនិត្យការងា​រ​ដាំដុះបន្លែសុវត្ថិ​ភាព​របស់សហគមន៍​ក​សិកម្មទឹកហូត​មានជ័យក្តីស​ង្ឃឹម

អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្មដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប។តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែលជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជាដំណាំង អាទិភាពរបស់សហគមន៍ពី ៣-៤តោនក្នុង ១ថ្ងៃជាប្រចាំទៅកាន់ទីផ្សារភ្នំពេញនិងទីផ្សារនានា។
មានចំណាប់អារម្មណ៍នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីសារទរ និង​កោតសរសើរចំពោះល្បឿននៃការវិឌ្ឍរីកចម្រើនដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំរបស់សហគមន៍។ ការវិវឌ្ឍរីកចម្រើននេះហើយ បានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសចូលរួមជាមួយក្រសួងក្នុងការពង្រឹង និងពង្រីកផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការកាត់បន្ថយការនាំចូលពីបណ្តាប្រទេស។ ឯកឧត្តមក៏ត្រេកអរចំពោះសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធដែលសមាគមន៍ទើបទទួលបានកាលពីចុងឆ្នាំ២០២០ នេះបន្ទាប់ពីលោកបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្មឲ្យនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកជួយ​ឧបត្ថម្ភគាំទ្រដល់ការតភ្ជាប់អគ្គិសនី សាងសងអណ្តូងទឹកចំនួន ៨ អាងស្តុកទឹកចំណុះ ៥០ម³ ចំនួន ២អាង ម៉ាស៊ីនបូមទឹកចំនួន ១២ និងប្រព័ន្ធស្រោចស្រពប្រវែង ៤ ៨២៣ម ឃើញថា បាននិងកំពុងជួយដល់សហគមន៍យ៉ាងច្រើនក្នុងការធ្វើការដាំដុះវិលជុំពេញមួយឆ្នាំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់។ បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្តបន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះគ្រប់គ្រងនិងទីផ្សារធ្វើយ៉ាងណាពង្រីកការចងក្រងសមាជិកបណ្តុំសមាគមន៍ឲ្យកាន់តែធំ និងកាន់តែរឹងមាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *