ព័ត៌មានជាតិ

អភិបាលមណ្ឌលគិរីជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនូវវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតនៅលើសកលលោក។

លោកមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត រួមទាំងមន្ទីរអង្គភាព និងក្រុង/ស្រុក បានចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន នៅតាមបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់អភិបាលក្រុង/ស្រុក រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ បន្ថែមលើសនេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យឱ្យមានការយល់ដឹង និងចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *