ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាលអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩

ខេត្តកណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់ជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ របស់រដ្ឋបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ លោកថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះនៅកក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះថានៅលើពិភពលោកមិនទាន់មានការថតចុះនៅឡើយទេ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ កាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាបក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លប់បំបាត់ឱ្យបាននូវ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋានដើម្បីធានាឲ្យបាននូវភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកអភិបាល បានចែកម៉ាសចំនួន៩០ប្រអប់ សារុងចំនួន១៩៧ និងថវិកាជូនដល់អ្នកចូលរួមទាំង២៣៦នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *